បន្ទាប់ពីមានពាក្យចចាមអារ៉ាមបាននិយាយទាក់ទងនឹងទូរសព្ទ iPhone អនាគតរបស់ Apple ថានឹងត្រូវបានរចនាជាថ្មីដោយលុបចេញនូវប៊ូតុង Home នោះស្រាប់តែកាលពីថ្ងៃម្សិលមិញនេះសារព័ត៌មានរបស់តៃវ៉ាន់ DigiTimes បានរាយការណ៍ថា Apple គឺកំពុងតែធ្វើការផលិតបច្ចេកវិទ្យាថ្មីមួយ ដែលនឹងអាចលុបចោលប៊ូតុង Home នៅលើ iPhone ពេលអនាគតមែន។

តាមប្រភពព័ត៌មានមិនបានបញ្ចេញឈ្មោះមួយនៅលើសារព័ត៌មាន DigiTimes កាលពីថ្ងៃច័ន្ទម្សិលមិញបានបង្ហាញថា ក្រុមហ៊ុន Apple គឺកំពុងតែធ្វើការផលិត Driver សម្រាប់ Touch និង Display (TDDI) ស្ថិតនៅលើបន្ទះឈីបតែមួយសម្រាប់ iPhone ពេលអនាគតដែលនឹងបញ្ចូល fingerprint sensor ទៅក្នុងអេក្រង់របស់ទូរសព្ទផ្ទាល់។ ការធ្វើបែបនេះឡើងគឺអាចនឹងលុបចេញនូវប៊ូតុង Home ដើម្បីធ្វើឲ្យទូរសព្ទតូចជាង ស្ដើងជាង ស្រាលជាង ផ្ទៃអេក្រង់កាន់តែធំជាងមុន ជាពិសេសនោះគឺមានសោភ័ណភាពកាន់តែស្អាត។
យ៉ាងណាក្ដី Apple នឹងមិនលុបចោលនូវប្រព័ន្ធស្គែនម្រាមដៃ Touch ID fingerprint ដែលមាននៅលើប៊ូតុង Home លើ iPhone បច្ចុប្បន្ននេះទេ។ ប៉ុន្តែប្រហែលជាបច្ចេកវិទ្យាមួយនេះនឹងដាក់នៅកន្លែងផ្សេង ឬនៅលើអេក្រង់ផ្ទាល់តែម្ដង ដោយ Apple ប្រហែលជានឹងបង្កើតប៊ូតុងសិប្បនិមិត្តភ្ជាប់លើអេក្រង់ផ្ទាល់។

បើ Apple លុបប៊ូតុង Home ចោល តែរក្សប្រព័ន្ធស្គែនម្រាមដៃ Touch ID fingerprint នោះ Touch ID fingerprint អាចស្ថិតនៅផ្នែកណាមួយនៃអេក្រង់
កន្លងទៅក្រុមហ៊ុន Apple បានស្នើរសុំសិទ្ធិប៉ាតង់ជាច្រើន តែពុំទាន់មានអ្នកណាបានដឹងច្បាស់ថាប៉ាតង់នោះគឺដើម្បីធ្វើអ្វីនោះទេ។ នេះអាចបង្ហាញឲ្យឃើញថា ក្រុមហ៊ុននឹងសម្រេចនូវគម្រោងអ្វីមួយនេះនៅពេលអនាគត៕


from : http://news.sabay.com.kh/
0 comments
Post a Comment