" If you born poor it is not your mistake but if you die poor it is your mistake. Bill gates "
" The only way to do great work is to love what you do.If you haven't found it yet,keep looking.Don't settle. Steve Job "
​តើ​អ្នកវិភាគ​យល់​យ៉ាងណា​ចំពោះ​ការបោះឆ្នោត​ប្រធាន និង​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​?​


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ចុងខែ​មេសា ឆ្នាំ​២០១៥​នេះ បាន​ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​រោងចក្រ​ចម្រាញ់​ដូងប្រេង​ទី​២ នៅ​ខេត្ត​ព្រះសីហនុ​ថា គណបក្ស​ប្រជាជន​កម្ពុជា​មិនចេះ​ដណ្ដើម​អំណាច​គ្នា​ទេ ។​
​នៅពេលនោះ លោក​ថា ក្នុងករណី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​មរណភាព នោះ​លោក​គឺជា បេក្ខភាព​ប្រធាន​ថ្មី ហើយ​គណបក្ស​នេះ​មិន​ប្រជែង​គ្នា​យក​អំណាច​នោះ​ឡើយ ។​
​ប៉ុន្តែ​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​ប្រធាន និង​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា កន្លងមកនេះ មាន​រូបភាព​ដូចជា​ការបោះឆ្នោត​ជា​កញ្ចប់ ដោយ​ក្នុង​សន្លឹកឆ្នោត​មាន​ដាក់​ឈ្មោះ​បេក្ខភាព​ប្រធាន​គណបក្ស​រួចជាស្រេច គឺ​ឈ្មោះ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចំណែកឯ​បេក្ខភាព​អនុប្រធាន​មាន​ពីរ​នាក់ គឺ​លោក ស ខេង និង​លោក សាយ ឈុំ ដោយ​ក្នុង​នោះ​មាន​ប្រអប់​បី​សម្រាប់​អ្នកបោះឆ្នោត​សម្រេចចិត្ត គឺ​យល់ព្រម មិន​យល់ព្រម និង​អនុបវាទ ។ 
                   លោក សាយ ឈុំ​ (ឆ្វេង) និង​លោក ស ខេង អនុប្រធាន​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា

ការបោះឆ្នោត​ក្នុង​រូបភាព​បែបនេះ  នាំ​ឲ្យ​មជ្ឈដ្ឋាន​អ្នកតាមដាន​នយោបាយ​មាន​ការសង្ស័យថា ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​អាច​មិន​មាន​ការទុកចិត្ត​គ្នា ។ ប៉ុន្តែ​តើ​អ្នកវិភាគ​នយោបាយ​យល់​ឃើញ​យ៉ាងណា​ក្នុង​ករណី​នេះ​?
​សម្រាប់​អ្នកវិភាគ​ឯករាជ្យ លោក អ៊ូ វីរៈ យល់ថា ការបោះឆ្នោត​ជា​កញ្ចប់​មិនមែន​ជា​បញ្ហា​នោះ​ទេ ព្រោះ​លោក​ថា នៅ​អាមេរិក ការបោះឆ្នោត​ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី​ក៏​គេ​ធ្វើ​ជា​កញ្ចប់​ដែរ ។ ប៉ុន្តែ​លោក​ថា បញ្ហា​គឺ​នៅត្រង់ថា តើ​ការបោះឆ្នោត​ជា​កញ្ចប់​នោះ មាន​កញ្ចប់​ផ្សេងទៀត​សម្រាប់​ចូលរួម​ប្រកួតប្រជែង​ត្រឹមត្រូវ​ឬទេ «​រឿង​ខ្លះ​បោះឆ្នោត​ជា​កញ្ចប់​គឺជា​រឿង​មួយ​ដែល​ត្រឹមត្រូវ​ទៅ​វិញ​ទេ ប៉ុន្តែ​សំខាន់​ថា​តើ​រូបមន្ត​ហ្នឹង​វា​ធានា​ប្រជាធិបតេយ្យ​ឬក៏​អត់ បានន័យថា មាន​ការបោះឆ្នោត​ត្រឹមត្រូវ មានការ​ប្រកួតប្រជែង​ជា​ត្រឹមត្រូវ ។ ឧទាហរណ៍​បុគ្គល​ពីរ​នាក់ គាត់​ជា​ប្រធាន និង​ជា​អនុប្រធាន គាត់​ត្រូវ​ឈរឈ្មោះ​ជា​កញ្ចប់ អា​ហ្នឹង​គឺ​បទបញ្ជា​ផ្ទៃក្នុង​គេ​និយាយ​អ៊ីចឹង ។ បុគ្គល​ពីរ​នាក់​ផ្សេង​ទៀត​ឈរឈ្មោះ​ជា​ប្រធាន អនុប្រធាន​វិញ តទល់​គ្នា អាហ្នឹង​មានអី​ខុស​» ។​
​ចំពោះ​ករណី​គណបក្ស​ប្រជាជន​កម្ពុជា បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​ពីរ​នាក់​ជា​កញ្ចប់ លោក អ៊ូ វីរៈ យល់ថា ដោយសារតែ​មិន​មាន​បេក្ខជន​ប្រកួតប្រជែង ព្រោះ​មាន​បេក្ខជន​ប្រធាន​តែមួយ ហើយ​បេក្ខជន​អនុប្រធាន​តែ​ពីរ​នាក់ ។ 
​សម្រាប់​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា កាលពី​ឆ្នាំ​២០០៤ នៅ​កម្ពុជា មាន​ករណី​ចម្លែក​មួយ គឺ​ការបោះឆ្នោត​ជា​កញ្ចប់ ដោយ​ក្នុង​នោះ​បោះឆ្នោត​ទាំង​សភា ទាំង​រដ្ឋាភិបាល​ក្នុង​កញ្ចប់​ជាមួយគ្នា ដែល​លោក​យល់ថា ការ​បោះឆ្នោត​បែប​នេះ​បង្ហាញ​ឲ្យឃើញ​នូវ​ការមិនទុកចិត្ត​គ្នា ។ ប៉ុន្តែ​លោក​ថា ការបោះឆ្នោត​ជា​កញ្ចប់ ក៏​មាន​រូប​ភាពល្អ​សម្រាប់​គណបក្ស​នយោបាយ​ផងដែរ  ព្រោះ​ដើម្បី​រក្សា​លំនឹង និង​ស្ថេរភាព​ផ្ទៃក្នុង​បក្ស ព្រមទាំង​បញ្ចៀស​រូបភាព​បែកបាក់​ផងដែរ ។​
​លោក ឯម សុវណ្ណារ៉ា បន្តថា «​កុំ​ឲ្យ​ថា កុំឲ្យ​មាន​គេ​ហៅថា បែងចែក​និន្នាការ​បាត់​ជំនឿ​ទុកចិត្ត​ទី​១ ។ ទី​២ កុំឲ្យ​មើលឃើញ​រូបភាព​នៃ​ការបែងចែ​ក អ៊ីចឹង​គេ​ដាក់​តែមួយ​សារ​ទៅ គឺ​វា​អាច​ហៅថា រម្ងាប់​អារម្មណ៍ ឬក៏​ពាក្យពេជន៍ ជំនឿ ឬ​គេ​ហៅថា អស្ថិរភាព​នៅ​ក្នុង​បក្ស​បាន​ច្រើន​» ។​
​ផ្អែក​តាម​អ្នកវិភាគ​ទាំង​ពីរ​ឃើញថា ការបោះឆ្នោត​ជា​កញ្ចប់ ជា​ដំណោះស្រាយ​ល្អ​មួយ​សម្រាប់​អ្នកនយោបាយ ក្នុង​ការរក្សា​ស្ថេរភាព និង​ការឯកភាព​ផ្ទៃក្នុង​បក្ស ៕

សង្គម​ស៊ីវិល​ថា ជំនួយ​បរទេស​សម្រាប់ គ​.​ជ​.​ប មិនទាន់​អាច​ធានា​ការបោះ​ឆ្នោត​ឲ្យ​ត្រឹមត្រូវ​១០០ភាគរយ​



​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា លើកឡើងថា ជំនួយ​បរទេស​លើ​កំណែទម្រង់​ការបោះឆ្នោត​នៅ​កម្ពុជា គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​ថ្មី​មួយទៀត តែ​មិន​ទាន់​អាច​ធានា​ការបោះឆ្នោត​នៅ​ថ្ងៃ​ខាង​មុខ​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ភាពត្រឹមត្រូវ​នោះទេ ។​
​កាល​ពី​ម្សិលមិញ​មន្ត្រី​សហភាព​អឺរ៉ុប​សន្យា​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ប្រមាណ​១០​លាន​អ៊ឺ​រូ (​ប្រមាណ​១១,៣​លាន​ដុល្លារ​) ចំណែក​ជប៉ុន​សន្យា​ផ្តល់​ជំនួយ​ខាង​បច្ចេកវិទ្យា និង​ឧបករណ៍​ផ្សេងៗ តែ​មិន​ទាន់​បញ្ចេញ​តួលេខ​ទឹកប្រាក់​ដែល​នឹង​ផ្តល់​ជំនួយ​នោះ​ទេ​សម្រាប់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ករ​បោះឆ្នោត (​គ​.​ជ​.​ប​) ។​
​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ហៅ​កាត់​ថា​ខុមហ្វ្រែល​លោក គល់ បញ្ញា ស្វាគមន​ន៍​ចំពោះ​ស្ថានទូត​ជប៉ុន និង សហភាព​អ៊ឺរ៉ុប ដែល​បង្ហាញ​ឆន្ទៈ​ជួយ​ដល់​កម្ពុជា​ក្នុងការ​ធ្វើ​កំណែ​ទម្រង់កា​រ​បោះឆ្នោត​ឲ្យបាន​ប្រសើរ​ជាង​មុន និង​ឈាន​ទៅរក​ភាពយុត្តិធម៌ ។ យ៉ាងនេះក្តី លោក​ថា ជំនួយ​នេះ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​ប៉ុណ្ណោះ​មិនទាន់​អាច​ធានា​បាន​ការបោះឆ្នោត​មួយ​មាន​យុត្តិធម៌​១០០​ភាគរយ​នោះ​ទេ​។​
​លោក គល់ បញ្ញា បន្តថា «​ទើប​ចាប់ផ្តើម​ទេ​ដំណើរការ​នេះ មិន​អាច​យើង​ទៅ​សន្និដ្ឋាន​អី​ភា្ល​មៗ​ទេ ប៉ុន្តែ​ខ្ញុំ​ស្វាគមន៍​ចំពោះ​ការខិតខំ​ជួយ​ពី​សហគមន៍​អន្តរជាតិ ដែល​ជួយ​បន្ថែម​នូវ​ការរៀបចំ​កំណែទម្រង់​ការបោះឆ្នោត​ឲ្យបាន​កាន់​តែ​ល្អប្រសើរ ហើយ​សហគមន៍​អន្តរជាតិ​គេ​បាន​ខិតខំ​ជួយ​ការងារ​បោះឆ្នោត​យើង មិនមែន​ត្រឹម​ឆ្នាំ​មុខ​នេះ​ទេ គេ​ជួយ​ពីមុន​តាំងពី​ការរៀបចំ​ការបោះឆ្នោត តាំងពី​ដំបូង​តាំង​១៩៩៣​មក ។ ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏ដោយ ឥឡូវនេះ​ជា​ការចាប់ផ្តើម​មួយទៀត​ដែល​ត្រូវ​ពិនិត្យមើល​ចូលរួម​ទៀត​គ្រាន់តែ​យើង​ឃើញ​ភ្លាម​យើង​សន្និដ្ឋាន​ភ្លាម យើង​មិន​ទាន់​អាចសន្និដ្ឋាន​អី​ភ្លាម​ទេ ប៉ុន្តែ​វា​ជា​ដំណើរ​ចាប់ផ្តើម​ល្អ​ត្រឹមត្រូវ​មួយ​ដែល​មាន​ការចូលរួម​កា​រ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​» ។ 
​បើ​តាម​លោក គល់ បញ្ញា មូលហេតុ​ដែល​ធ្វើឲ្យ​ការបោះឆ្នោត​ឆ្នាំ​២០១៣​កន្លងមក​មាន​ភាព​មិន​ប្រក្រតី ដោយសារ​ខ្វះ​ធនធានមនុស្ស ខ្វះ​បច្ចេកទេស បញ្ហានយោបាយ និង​ខ្វះ​តម្លាភាព​ក្នុង​ការ​គ្រប់​គ្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាដើម ។ 
​សម្រាប់​នាយក​ប្រត្តិបត្តិ​អង្គការ​តម្លាភាព​នៅ​កម្ពុ​ជា​លោក ព្រាប កុល យល់ថា វា​ជា​រឿង​ល្អ​ដែល​សហគមន៍​អឺរ៉ុប និង​រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ជំនួយ​ដល់ គ​.​ជ​.​ប ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​មធ្យោបាយ​ផ្សងៗ សម្រាប់​ធ្វើ​កំណែ​ទម្រង់កា​រ​បោះឆ្នោត​នៅ​កម្ពុជា ។ ប៉ុន្តែ​លោក​ថា ចំពោះ​ប្រសិទ្ធភាព សារៈប្រយោជន៍ និង​លទ្ធផល​នៃ​កំណែទម្រង់​នេះ​ធ្វើ​បាន​កម្រិត​ណា​នោះ​អាស្រ័យ​លើ​ឆន្ទៈ​នយោបាយ និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​គណបក្សនយោបាយ និង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស គ​.​ជ​.​ប ។ លោក ព្រាប កុល បន្ថែមថា «​ជំនួយ​ប្រទេស​កម្ពុជា​យើង យើង​ទទួលបាន​ច្រើន​ពាន់​លាន​មកហើយ មិន​ប្រាកដ​ថា​ជំនួយ​ច្រើន មាន​លុយ​ច្រើន​ធ្វើទៅបាន​ជោគជ័យ​ទាំងអស់​ទេ ចឹង​ត្រូវ​ចាំ​មើល​សិន​» ។​
​បើ​តាម​ប្រធាន គ​.​ជ​.​ប លោក ស៊ិក ប៊ុន​ហុក អ្នក​ជំនាញ​របស់​សហ​ភាព​អឺរ៉ុប និង​ជប៉ុន នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​ជា​បន្តបន្ទាប់ ចាប់ពី​ខែ​កក្កដា ឆ្នាំ​២០១៥​ខាងមុខ ។ 
​គួររំឭកថា រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​ឲ្យ​ប្រទេស​ជប៉ុន និង​សហភាព​អឺរ៉ុប សហការ​ជាមួយ គ​.​ជ​.​ប ដោយ​ជួយ​ផ្តល់​ជំនួយ​ទាំង​ថវិកា និង​បច្ចេកទេស ដើម្បី​ជំរុញ​យន្តការ​បោះឆ្នោត​នៅ​កម្ពុជា​ដំណើរការ​ទៅ​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌ បន្ទាប់​ពី​ប្រទេស​នេះ​មាន​ជម្លោះ​នយោបាយ​បន្តបន្ទាប់ ក្រោយ​ការបោះឆ្នោត​ម្តងៗ ៕

តំណាងរាស្រ្ត​បក្ស​ប្រឆាំង​នឹង​សុំ​ឲ្យ​​លោក សម រង្ស៊ី ចរចា ករណីធ្វើ​សន្និសីទកាសែត​នៅសភា


តំណាងរាស្រ្ត​បក្ស​ប្រឆាំង​ ​លោក អ៊ុំ សំអាន ឲ្យ​ដឹង​ថា​ខ្លួន និង​តំណាងរាស្រ្ត​ផ្សេង​ទៀត នឹង​​ស្នើ​សុំ​ឲ្យ​ប្រធានគណបក្សសង្រ្គោះជាតិ​ លោក សម រង្ស៊ី ចរចា​ជាមួយ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ករណី​មិន​អនុញ្ញាត​ឲ្យ​តំណាងរាស្រ្ត​គណបក្សប្រឆាំង​ធ្វើ​សន្និសីទ​ស្តីពី​បញ្ហា​ព្រំដែន​នៅ​វិមាន​រដ្ឋសភា។​
កាលពីថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៥​ ប្រធានរដ្ឋសភា លោក ហេង សំរិន បាន​សម្រេច​មិន​អនុញ្ញាត​ឲ្យ​តំណា​ង​រាស្រ្ត​គណបក្ស​ស​ង្រ្គោះជាតិដែ​ល​រក​ឃើញ​ពី​ការ​បា​ត់​បង់​ទឹក​​ដី​ទៅ​ឲ្យ​ប្រទេស​វៀតណាម ធ្វើ​សន្និ​សីទ​​សារ​ព័ត៌មាន​នៅ​វិមានរដ្ឋស​ភា ពាក់​ព័ន្ធ​នឹង​បញ្ហាព្រំដែន ដោយ​ហេតុផល​ថា​រដ្ឋសភា​មិនបាន​ឲ្យ​​តំណាងរា​ស្រ្ត​បំពេញ​​បេសកកម្ម​លើ​បញ្ហាព្រំដែន។​ លោក ហេង សំរិន បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​របស់​តំណាងរាស្រ្ត​​ថា​​«រដ្ឋសភា​ពុំ​បាន​​ចេញ​លិខិត​បេសកកម្ម​ឲ្យឯក​ឧត្តម​ចុះ​ធ្វើ​កិច្ច​ការនេះ​ទេ ដូច្នេះ​ខ្ញុំមិន​អនុញ្ញាត​ឲ្យ​ធ្វើ​សន្និសីទ​កាសែត​នៅ​វិមាន​រដ្ឋសភាទេ»។​
តំណាងរាស្រ្ត​គណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ដែល​គ្រោង​ធ្វើ​សន្និសីទសារព័ត៌មាន​នោះ​​ជាមួយតំណាងរាស្រ្ត​ម្នាក់​ទៀត ​លោក ម៉ៅ មុនីវណ្ណ ប្រាប់​VODនៅព្រឹក​ថ្ងៃ​អង្គារនេះ​ថា​លោក​បាន​លុប​ចោល​គម្រោង​​ធ្វើ​សន្និសីទ​ស្តី​​ពី​បញ្ហា​ព្រំដែននេះ​ ហើយ​​នឹង​ចេញ​សេចក្តីថ្លែងការណ៍​បញ្ជាក់​ពីជំហរ​របស់ខ្លួនវិញ។ លោក​បន្ត​ថា​​ការ​លុប​ចោលនេះ ដោយ​សារ​តំណាងរាស្រ្ត​ចង់​តវ៉ា​សុំ​វិមាន​រដ្ឋសភា​ ដើម្បីធ្វើ​សន្និសីទ​ ជាជាង​​ការធ្វើ​​សន្និសី​ទ​នៅ​​ខាងក្រៅ ឬនៅ​​ទីស្នាក់ការរបស់គណបក្ស​សង្រ្គោះជាតិ។ លោក​បញ្ជាក់​ថា​តំណាងរាស្រ្ត​បក្ស​ប្រឆាំងអាច​មានសិទ្ធិ​ធ្វើ​សន្និសីទនៅវិមាន​រដ្ឋសភា​បាន​ ដូច​តំណាងរាស្រ្ត​គណបក្ស​ប្រជាជនកម្ពុជា ​លោក ជាម យៀប បាន​រៀបចំ​កាលពីកន្លងទៅ។
លោក អ៊ុំ សំអាន ​បន្ត​ថា​លោក​នឹង​​ស្នើ​សុំ​​លោក សម រង្ស៊ី ជជែក​ជាមួយ​លោក ហេង សំរិន លើ​បញ្ហានេះ​។ លោក​បញ្ជាក់​ថា«កន្លែង​ធ្វើ​ការ​របស់​តំណាងរាស្រ្ត​ គឺ​នៅ​រដ្ឋសភា។ យើង​តវ៉ា​ឲ្យ​បាន​សម្រាប់ថ្ងៃ​ក្រោយ​។ ខាង​​តំណាងរាស្រ្ត​គណបក្ស​ប្រជាជន លោក ជាម យៀម អា​ចធ្វើ​បាន​កាលពីកន្លងទៅ​ ចុះ​ហេតុអ្វី​បាន​តំណា​ង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិធ្វើ​អត់បាន»។ លោក​បញ្ជាក់​បន្ថែម​ថា«យើង​កំពុង​ពិភាក្សា​ចង់​ឲ្យ​លោក​ប្រធាន​សម រង្ស៊ី ចរចា​ជាមួយ​លោក ហេង​ សំរិន អាច​ឲ្យ​តំណាងរាស្រ្ត​ធ្វើ​សន្និសីទ​កាសែត​បាន​នៅ​រដ្ឋសភា»។​
លោក អ៊ុំ សំអាន បាន​អះអាងថា​​​លោក​ ហេង​ សំរិន ​បាន​ធ្វើ​ការងារ​«ហួស​ពី​តួនាទី​ជា​ប្រធាន​រដ្ឋសភា» ក្នុង​ការ​សម្រេច​មិន​ឲ្យតំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​​ធ្វើ​សន្និសីទសារព័ត៌មាន។​​ ​
VODមិនទាន់​អាច​ទាក់​ទង​អ្នកនាំពាក្យ​រដ្ឋសភា លោក ឈាង វុន ដើម្បីអត្ថាធិប្បាយលើ​បញ្ហានេះ​បាន​នៅឡើយទេ។​
គួរ​រំឭកថា ថ្មីៗនេះ តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិមួយ​ចំនួន​រក​ឃើញ​ថាប្រទេស​វៀតណាម​បាន​រំលោភដី​កម្ពុជា​ជា​បន្ត​បន្ទាប់នៅ​តាម​ខេត្ត​មួយ​ចំនួន ដូច​ជា​ករណី​នៅ​ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បញ្ហានៅច្រកតន់​ហន់ ខេត្ត​កំពត និង​បញ្ហាភ្នំដិន​នៅ​ខេត្ត​តាកែវជាដើម។ តំណាងរាស្រ្ត​ទាំងនោះ​បាន​ចោទប្រកាន់​រដ្ឋាភិបាល​កម្ពុជា​ប្រើ​ប្រាស់​ផែន​ទី​ក្លែងក្លាយ​ ដើម្បី​ដោះ​ស្រាយ​បញ្ហាព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។​
គម្រោង​ធ្វើ​សន្និសីទសារព័ត៌មាន​របស់គណបក្សសង្រ្គោះជាតិ ធ្វើ​ឡើង​បន្ទាប់ពី​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​​ច្រាន​ចោល​ការ​ចោទប្រកាន់​របស់តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ​ដែល​អះអាង​ថា​រដ្ឋាភិបាល​​ធ្វើ​ឲ្យ​បាត់​បង់​ភូមិចំនួន​​ពីរ​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ទៅ​ឲ្យ​ប្រទេស​​​​​វៀ​​ត​ណាម។ លោក​ ហ៊ុន សែន ក៏​បាន​ច្រានចោល​ការ​ចោទប្រកាន់​ថាបាត់បង់ដីនៅភ្នំដិនទៅ​ឲ្យ​វៀតណាម​ផងដែរ។​
គួរ​បញ្ជាក់​ថា កាលពីថ្ងៃ​ទី១២ ខែកញ្ញា ឆ្នាំ​២០១៤  លោក​ហេង សំរិន ធ្លាប់​បាន​ចេញ​សារាចរ​ណែនាំ​ដល់​គណៈកម្មាកា​រទាំង​១០ ឲ្យ​សុំ​អនុញ្ញាត​ពី​ប្រធាន​សភា​ជា​មុន​សិន មុន​នឹង​អញ្ជើញ​ប្រជាពលរដ្ឋ ឬ​សង្គម​ស៊ី​វិល​ចូល​ជួប​ក្នុង​សភា​៕